
អំពីជំងឺមហារីក
តើធ្វើដូចម្ដេច ទើបអាចកាត់បន្ថយជំងឺមហារីកក្រពះ?
ក្រពះមានមុខងារផ្ទុក និងរំលាយអាហារ។ ជំងឺមហារីក អាចវិវត្តន៍នៅក្នុងក្រពះ ព្រមទាំងរាលដាលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយរួមទាំងកូនកណ្តុរដែលនៅជិតក្រពះ។ ហានិភ័យនៃជំងឺមហារីកក្រពះនឹងកើនឡើងនៅពេលដែលយើងមានវ័យកាន់តែច្រើន។ ជាក់ស្តែង អ្នកជំងឺជាងពាក់កណ្តាលដែលកើតជំងឺមហារីកមួយប្រភេទនេះ ច្រើនតែមានវ័យចាប់ពី៧៥ឆ្នាំឡើងទៅ ហើយជាទូទៅបុរសប្រឈមនឹងការកើតជំងឺមហារីកក្រពះច្រើនជាងស្ត្រី។ 
រោគសញ្ញានៃជំងឺមហារីកក្រពះ
- ស្លេកស្លាំង និងខ្សោយនៅពេលធ្វើការតិចតួច
- មិនស្រួលក្នុងពោះផ្នែកខាងលើផ្ចិត
- ក្អួត ឬចង្អោរមាន ឬគ្មានឈាម
- ស្រកទម្ងន់
- ក្រហាយទ្រូង ពិបាករំលាយអាហារ
- លាមកមានឈាម
- មិនឃ្លានអាហារ
- ហើមពោះដោយសារសារធាតុរាវ ដែលកើតឡើងនៅដំណាក់កាលធ្ងន់ធ្ងរ
ប្រសិនបើរោគសញ្ញាខាងលើកើតឡើងយូរជាង៣សប្តាហ៍យើងគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា។
គន្លឹះជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ
- កាត់បន្ថយការញ៉ាំអាហារជ្រក់ និងឆ្អើរ
- កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និងជៀសវាងជក់បារី
- ញ៉ាំផ្លែឈើ និងបន្លែបៃតងជារៀងរាល់ថ្ងៃ
- អ្នកដែលមានប្រវត្តិគ្រួសារកើតជំងឺមហារីកក្រពះ គួរទៅពិនិត្យក្រពះក្នុងមួយឆ្នាំម្តង ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ
- ហាត់ប្រាណជារៀងរាល់ថ្ងៃ។

